ស៊ុនជឺ៖ «មេទ័ពខ្លាំង អាចគ្រប់គ្រងកងទ័ពរាប់សែននាក់បានដូចជាគ្រប់គ្រងទាហានម្នាក់»

សិល្បៈក្នុងការដឹកនាំទ័ព គឺជារឿងសំខាន់មួយ ទោះបីគ្មានសង្គ្រាមកើតឡើងក្តី ក៏មនុស្សអាចយកប្រើក្នុងការគ្រប់គ្រងលើស្ថានប័ន កន្លែងធ្វើការងារ ឬការគ្រប់គ្រងលើមនុស្សជុំវិញផងដែរ។ ប៉ុន្តែការគ្រប់គ្រងពុំមែនជារឿងងាយស្រួល ទាមទារឱ្យមានចំណេះដឹងជាមូលដ្ឋានគ្រប់គ្រាន ត្រូវត្រូវ ពុំនោះនឹងបង្ករវិនាសសកម្មវិញជាមិនខានឡើយ។

ជាមេដឹកនាំត្រូវតែមានយុទ្ធសាស្ត្រ សិល្បៈក្នុងការដឹកនាំ មានវិធីសាស្ត្រទប់ទល់នឹងសត្រូវ ពិសេសការគ្រប់គ្រងលើកងទាហាន ឬកូនចៅខ្លួនឱ្យបានល្អ។ ត្រូវមានវិន័យ ត្រូវមានសមត្ថភាពក្នុងការធ្វើការងារ ឬចេញច្បាំងម្តងៗ។ សម្រាប់អ្នកដឹកនាំដែលខ្លាំងក្លា មានភាពច្បាស់លាស់ តែងតែអាចគ្រប់គ្រងលើស្ថានការណ៍ គ្រប់គ្រងលើខ្លួនឯង និងគ្រប់គ្រងលើសត្រូវបានថែមទៀត។

«ការគ្រប់គ្រងលើខ្លួនឯងគឺ​ ដោយការប្រើវិន័យ។ ការគ្រប់គ្រងកូនចៅដោយប្រើច្បាប់ជាមូលដ្ឋាន ការគ្រប់គ្រងលើសត្រូវ ត្រូវប្រើកលល្បិច និងយុទ្ធសាស្ត្រ»។ បើអ្នកអាចធ្វើរឿងទាំងអស់នេះបាន គឺអ្នកអាចឈ្នះបានគ្រប់ចម្បាំងជាមិនខានឡើយ។

ការដែលមេទ័ពអាចយកឈ្នះលើសត្រូវបាន គឺដោយសារតែកងទ័ពមានវិន័យ ចេះស្ដាប់មេដឹកនាំ និងមានសមត្ថភាពក្នុងការធ្វើសង្គ្រាម។ មេទ័ពដែលអាចធ្វើឱ្យកងទ័ពគោរពវិន័យ ប្រឹងប្រែងហ្វឹកហាត់ ទើបជាអ្នកខ្លាំងពិតប្រាកដ មេទ័ពដែលពូកែ។ ស៊ុនជឺ បានពោលថា «មេទ័ពខ្លាំង អាចគ្រប់គ្រងកងទ័ពរាប់សែននាក់បានដូចជាគ្រប់គ្រងទាហានម្នាក់»។ នេះគឺអាស្រ័យលើវិន័យក្នុងជួរកងទ័ព៕

អត្ថបទដោយ៖ មនោ វិជ្ជា

៙រក្សាសិទ្ធិដោយ៖ សាមកុក ប៉ុស្តិ៍

អត្ថបទដែលជាប់ទាក់ទង