ហេតុផលមួយទៀត នៅពីក្រោយការដែលលាវប៉ី លើកទ័ពទៅវាយតុងអ៊ូ ដោយមិនស្ដាប់សម្តីទីប្រឹក្សាជូកឺលៀង

នគរស៊ូ៖ នៅក្រោយពេលដែល ប្អូនប្រុសរបស់គេទាំងពីរនាក់ (គួនអុី និងចាងហ្វី) បានស្លាប់ដោយសារតែតុងអ៊ូលួចធ្វើឃាត។ លាវប៉ីមានចិត្តខឹងសម្បារខ្លាំង និងបានលើកទ័ពចំនួនជាង ៧សែននាក់ទៅតុងអ៊ូ ដើម្បីសងសឹកឱ្យបងប្អូនរបស់ខ្លួន។ ប៉ុន្តែរឿងនេះ គឺចាកឆ្ងាយពីគម្រោងផែនការដែលទីប្រឹក្សារបស់គេ ជូកឺលៀង បានរៀបចំទុកជាមុន នៅពេលពួកគេជួបគ្នាទៅក្នុងខ្ទមស្បូវរបស់ជូកឺលៀង លើឡុងចុង។ តាមផែនការរបស់ពួកគេ គឺត្រូវតែយកក្រុងសុីឈួន ដើម្បីឈរជើង ហើយសន្សំកម្លាំងវាយកម្ចាត់ជនក្បត់នគរអ៊ួយ ស្ដាររាជវង្សហាន់ឡើងវិញ។

Image result for liu bei

ហេតុការណ៍នេះបានតែពាក់កណ្តាលទេ ដោយសារតែលាវប៉ីបានទទួលក្រុងសុីឈួន តែមិនបានធ្វើតាមផែនការបន្ទាប់គឺ បែរជាផ្ទុយទៅវិញ ដោយលើកទ័ពសងសឹកនឹងតុងអ៊ូ មិនព្រមស្ដាប់សម្តីជូកឺលៀង ដើម្បីទៅកម្ចាត់ជនក្បត់ត្រកូលឆាវ ដែលកំពុងតែគ្រប់គ្រងលើត្រកូលលាវ ពិសេសគឺស្តេចហាន់។ ការលើកទ័ពទៅវាយប្រហារតុងអ៊ូ គឺមានការជំទាស់ពីទីប្រឹក្សា មន្ត្រី និងមេទ័ពជាច្រើន សូម្បីតែមេទ័ពចាវជីឡុង ក៏បដិសេធរឿងទៅវាយភាគខាងត្បូងដែរ។ រហូតធ្វើឱ្យលាវប៉ីខឹងនឹងចាវជីងឡើង មិនប្រើការគេទៀតផង នៅក្នុងពេលធ្វើចម្បាំងជាមួយនឹងតុងអ៊ូ។

តាមការយល់ឃើញរបស់ខ្ញុំ នៅក្រោយពីការសងសឹកឱ្យបងប្អូនគេទាំងពីរនាក់ គឺ គួនអុី និងចាងហ្វី ហើយលាវប៉ី ប្រហែលជាមានបំណងមួយទៀត ដែលសូម្បីតែទីប្រឹក្សារបស់គេក៏មិនអាចដឹងបានដែរ។ រឿងមួយនោះ គឺលាវប៉ីចង់វាយតុងអ៊ូដើម្បីសងសឹកផង និងដើម្បីលេបយកក្រុងរបស់តុងអ៊ូផង បើសិនជាបានសម្រេច ទឹកដីរបស់លាវប៉ីនឹងធំជាងឆាវឆាវជាច្រើនដង ចង់លេបយកទឹកដីរបស់នគរអ៊ួយលែងជារឿងពិបាកទៀតហើយ។

Image result for three kingdoms 2010
មេទ័ពចាវជីងឡុង

លាវប៉ីយល់ដូច្នេះថា ដោយសារតែខាងតុងអ៊ូអស់មេទ័ពក្លាហាន ដូចជាលីមឹង ចូវអុី និងលូស៊ូទៅហើយ។ លាវប៉ី បានគិតថាតុងអ៊ូនៅសល់តែមេទ័ពកំប៉ិចកំប៉ុកប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះថែមទាំងមើលស្រាលមេទ័ពតុងអ៊ូគឺ មេទ័ពលូសុីងថា ជាអ្នកបានតែទ្រឹស្ដី មិនដែលចូលក្នុងសមរភូមិ បានតែអានសៀវភៅ គម្ពីរក្បួនសឹកប៉ុណ្ណោះ​ ពេលជួបសង្គ្រាមពិត គេនឹងមិនអាចធ្វើបានដូចជាកាេរសិក្សាឡើយ។ រឿងនេះ បានធ្វើឱ្យលាវប៉ីដឹងខ្លួនច្បាស់ថាខ្លួនឯងគិតខុស នៅពេលដែលត្រូវលូសុីងដុតកម្លោចក្នុងព្រៃអស់កងទ័ពរលីង រត់ស្ទើរតែមិនរួចជីវិតទៀត។

Image result for liu bei
លាវប៉ីក្រោយចាញ់សង្គ្រាម

ម្យ៉ាងទៀត បើតាមខ្ញុំយល់ មូលហេតុដែលលាវប៉ីមិនប្រាប់ដល់ទីប្រឹក្សាក្នុងរឿងអាថ៌កំបាំងចង់លេបទឹកដីតុងអ៊ូ គឺមានហេតុផលពីរផ្សេងទៀត។ ហេតុផលទី១ គឺមិនត្រូវនឹងផែនការដែលពួគគេរៀបចំនៅលើភ្នំឡុងចុងទេ ដូច្នេះជូកឺលៀងនឹងបដិសេធ។ ហេតុផលទី២ ពេលគេប្រកាសរឿងនេះ ដោយចិត្តលោភលន់ចង់បានទឹកដីតុងអ៊ូ ដែលជាទឹកដីរបស់ម្ដាយក្មេងខ្លួន គេនឹងត្រូវបាត់បង់គុណធម៌ មនុស្សក្នុងលោកនឹងលែងគោរពគេទៀត។ ពិសេស គឺពួកមន្ត្រី និងរាស្ត្ររបស់គេតែងតែឱ្យតម្លៃគេថាជាមនុស្សមានគុណធម៌ខ្ពស់ជាងគេមេដឹកនាំដទៃទៀត៕

អត្ថបទដោយ៖ ក្រុមការងារសាមកកុកប៉ុស្តិ៍

៙រក្សាសិទ្ធិគ្រប់យ៉ាង ២០២១

អត្ថបទដែលជាប់ទាក់ទង